ស្អប់ប្រពន្ធច្រើនឆ្នាំសុំលែងលះតែនាងមិនព្រម ចុងក្រោយដឹងការពិតប្តីស្លុតចិត្តយំស្តាយក្រោយទង្វើរខ្លួន

គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះតែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ខាងភរិយាបែរយកលិខិតនោះមក ហែកចោលរួចប្រាប់ថា « លោកជំពាក់លុយខ្ញុំ២ម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិនទើបខ្ញុំព្រមលែងលះ » ។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់ថា ហេតុអ្វីប្រពន្ធខ្លួនធ្វើបែបនេះទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាងគ្មានសល់ ។

ពេលត្រលប់ទៅដល់ផ្ទះប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាតរហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់ ។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់ ។ គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់» ។ ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេនឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ» ។

បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភអ្វីឡើយគ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំង ញើសឈាមខ្លួនឯង ។ គេធ្លាប់ខ្ចីលុយប្រពន្ធ និងមិត្តភក្តិផ្សេងៗទៀតមកបណ្ដាក់ទុនធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេល រោងចក្រដំណើរការប្រសើរហើយក៏មានហេតុការណ៍ភ្លើងឆេះ ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀតគេក៏សុំលែងលះតែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ ។

ដំបូងឡើយគេហាក់អស់កម្លាំងចិត្តធ្វើអ្វីទាំងអស់ ព្រោះពេលនេះគេមិនបានចាប់ផ្ដើមដោយបាតដៃទទេនោះទេ ប៉ុន្តែគឺចាប់ផ្ដើមដោយមានបំណុលជុំទិស តែក៏មានមិត្តភក្តិម្នាក់ដែលធ្លាប់ឲ្យលុយគេខ្ចីកាលពីមុនទាក់ទងមកថា នឹងឲ្យលុយគេខ្ចី៣ម៉ឺនដុល្លារទៀត ដោយប្រាប់ថា ខ្លួនជឿជាក់ថា គេជាមនុស្សឆ្លាតនឹងអាចយកវាទៅបណ្ដាក់ទុនរកស៊ីជោគជ័យម្ដងទៀត ។ គេបានទទួលលុយនោះមកធ្វើជាដើមទុនបើកហាងលក់ដូរមួយដែលក្នុងរយៈពេលនោះមិត្តភក្តិម្នាក់នោះតែ មកសួរសុខទុក្ខគេជារឿយៗ និងជួនកាលមានម្ហូបអាហារយកមកផ្ញើទៀតផង ។

២ឆ្នាំកន្លងផុតទៅអាជីវកម្មរបស់គេក៏រីកចម្រើនរហូតមានប្រាក់គ្រប់គ្រាន់យកទៅសងប្រពន្ធ និងមិត្តភក្តិបាន ។ គេបានចាប់ផ្ដើមទាក់ទងទៅមិត្តដែលជាម្ចាស់បំណុល ប៉ុន្តែគ្រប់គ្នាក៏ប្រាប់ថា ពួកគេមិនបានឲ្យលុយគេខ្ចីនោះទេភរិយារបស់គេទៅវិញទេដែលបានយកលុយនេះមកឲ្យគេខ្ចី ។ មិត្តភក្តិចុងក្រោយដែលបានឲ្យគេខ្ចីលុយមករកស៊ី៣ម៉ឺនដុល្លារក៏បាននិយាយថា តាមការពិតភរិយារបស់គេបានមកអង្វរឲ្យខ្លួនយកលុយនេះមកឲ្យគេខ្ចីដោយមិនឲ្យប្រាប់ថា ជាលុយនាងឡើយ ម្ហូប នំចំណី គ្រប់យ៉ាងក៏ជារបស់នាងផ្ញើទៅឲ្យគេដែរ ។

ខាងប្ដីគ្រាន់តែបានឮបែបនេះភ្លាមក៏ស្លុតចិត្តទន់ដៃទន់ជើងមិននឹកស្មានថា នារីម្នាក់ដែលគេចងចិត្តស្អប់អស់រយៈពេល ២ឆ្នាំនេះតាមការពិតគឺជាអ្នកដែលស្រឡាញ់គេ និងមើលថែគេមករហូត ប៉ុន្តែក៏ឆ្ងល់ថា ប្រពន្ធខ្លួនបានលុយមកពីណា មកឲ្យខ្លួនប្រើប្រាស់ច្រើនយ៉ាងនេះ ។ គេប្រញាប់ប្រញាល់ទៅរកនាង ។ ប្រយោគដំបូងដែលគេហាមាត់សួរនាងគឺ «អូនទៅយកលុយទាំងម៉ឺនៗដុល្លារនេះមកពីណា?» ប្រពន្ធក៏ឆ្លើយតបថា «នាងបានលក់ផ្ទះ…សម្រាប់នាងផ្ទះអាចទិញថ្មីពេលណាក៏បាន ប៉ុន្តែឱកាសសម្រាប់ប្ដីគឺមិនអាចរង់ចាំបាននោះទេ» ។

គ្រាន់តែឮពាក្យនេះគេបានទាញខ្លួននាងមកឱបយ៉ាងណែនតែនាងនៅនិយាយទាំងទឹកភ្នែកថា «លោកមិនទាន់សងលុយខ្ញុំ២ម៉ឺនដុល្លារទេណា លិខិតសន្យានៅមាន» ។ ពេលនេះប្ដីបានដឹងហើយថា ប្រពន្ធល្អគឺបែបណា ។

Be the first to comment

Leave a Reply

Your email address will not be published.


*