អគ្គិសនី​កម្ពុជា ​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ រយៈពេល ៧២​ថ្ងៃនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩​

អគ្គិសនី​កម្ពុជា បានប្រកាស​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ខ្លះ រយៈពេល ៧២​ថ្ងៃដល់​ចុងខែ​ឧសភា ក្នុងពេល​ដែល​កម្ពុជា កំពុង​ខ្វះ​ថាមពល​ប្រើប្រាស់​ក្នុងរដូវក្តៅនេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ EDC នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩​នេះ។

EDC បញ្ជាក់​ថា ខ្លួន​បាន​ទាក់ទង​ប្រទេស​ជិតខាង​ឱ្យ​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា។ ជាលទ្ធផល ប្រទេស​ថៃ បាន​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម ៨០មេហ្គាវាត់, ប្រទេស​ឡាវ​បន្ថែម ១០មេហ្គាវាត់ និង​វៀតណាម បាន​ជួយ​រក្សា​ការផ្គត់ផ្គង់​ភ្លើង​ឱ្យ​នៅដដែល ទោះបីជាភាគខាងត្បូង​វៀតណាម កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​អគ្គិសនី​ដូចគ្នា​ក៏ដោយ។ ទោះ​ជាយ៉ាងនេះ ក៏កម្ពុជា នៅតែមាន​កង្វះ​ថាមពលប្រមាណ ១៣% ដែល​តម្រូវ​ឱ្យ EDC ធ្វើការ​កាត់​បន្ថយ​ការផ្គត់ផ្គង់ខ្លះ រហូតរដូវវស្សា​មកដល់។

EDC ពន្យល់ថា ការ​កាត់​បន្ថយ​ការផ្គត់​ផ្គង់​នេះ ធ្វើនៅ​ពេលថ្ងៃតាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការ​ផ្គត់​ផ្គង់​នៅពេលយប់ ដែល​ជាពេល​ប្រជាពលរដ្ឋ​ត្រូវការប្រើប្រាស់​ចាំបាច់។ ជាមួយ​គ្នានោះ EDC ក៏បាន​គិត​គូរ​ឱ្យ​អស់​លទ្ធភាព​ផ្គុំគ្នា​ជាមួយ​ការ​ជួយ​ដំណើរ​ការ​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​ក្នុងការ​ផ្គត់ផ្គង់​ពេលថ្ងៃ​សម្រាប់​ដំណើរការ​ផ្នែក​ឧស្សាហកម្ម ការ​កិន​ស្រូវ​អង្ករ​សម្រាប់​នាំចេញ មន្ទីរពេទ្យ រដ្ឋាករ​ទឹក ស្ថានទូត និង​ស្ថាប័ន​រាជរដ្ឋាភិបាល។ សេចក្តី​ប្រកាសដដែល​បន្ថែមថា ក្នុង​រយៈពេល​ដែលមាន​ការលំបាកនេះ ដោយឡែក​ថ្ងៃបុណ្យ​ជាតិ រួមនឹង​ថ្ងៃអាទិត្យ ដែល​ជាថ្ងៃ​សម្រាក​សរុប ២៣​ថ្ងៃ EDC នឹង​រក្សា​ការ​ផ្គត់ផ្គង់​ឱ្យ​មាន​ជាធម្មតា។ ប្រសិន​បើមាន​ភ្លៀង​ធ្លាក់​មក​មុន​ចុងខែឧសភា ការ​ផ្គត់ផ្គង់​នឹងមាន​ជាប្រក្រតី​ឡើងវិញ។

អគ្គិសនី​កម្ពុជា បាន​ឱ្យដឹងថា អាកាស​ធាតុ​ក្តៅខ្លាំង និង​ការខ្វះទឹក​ខុសប្រក្រតី បាន​ធ្វើឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញពី​ប្រភព​វារីអគ្គិសនី​ថយចុះ មិន​អាច​ធានា​ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុង​រដូវ​ប្រាំង​ដូច​សព្វ​មួយ​ដងបាន​ឡើយ៕

Be the first to comment

Leave a Reply

Your email address will not be published.


*