ខ្លួន​ជា​អ្នក​ក្រ តែ​ហ៊ាន​ស្រលាញ់​កូន​ស្រី​អ្នក​ធំ ចុង​ក្រោយ​បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

បើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​សុទ្ធតែ​​​អាច​​​នាំ​​​មក​​​នូ​វ​​​សុភម​ង្គ​ល​​​ដល់​​​មនុស្ស ចុះ​​​ហេតុអ្វី​​​អ្នក​​​មាន​​​ចំនួន​​​នៅ​​​តែ​​​កើត​​​ទុក្ខ មាន​​​វិបត្តិ​​​អន្ទោល​​​តាម​​​ប្រាណ​? នេះ​​​ជា​​​រឿង​​​ពិត របស់​​​មិត្ត​​​ខ្ញុំ​​​ម្នាក់ ដែល​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​អ្នក​​​ក្រ តែ​​​បែរ​​​ជា​​​ហ៊ាន​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​កូន​​​ស្រី​​​អ្នក​​​ធំ រហូត​​​ដល់​​​ត្រូវ​​​គ្រួសារ​​​ខាង​​​ស្រី​​​ចាប់​​​ក្របួច​​​ខ្លួន​​​ប្រគល់​​​ឲ្យ​​​ប៉ូលិស​។ ប៉ុន្តែ​​​ចុង​​​ក្រោយ ដោយសារ​​​ក្ដី​​​ស្រលាញ់​​​ស្មោះ បូក​​​រួម​​​ទាំង​​​ចិត្ត​​​តស៊ូ​​​មិន​​​ចុះ​​​ចាញ់ បាន​​​បន្ទ​ន់​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​ព្រម​​​ទទួល​​​យក ហើយ​​​ប្ដូរ​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​គិត​​​ថា​​​តាម​​​ពិត​​​សុភម​ង្គ​ល​​​មិន​​​មែន​​​ស្ថិត​​​លើ​​​លុយ​​​តែ​​​ម្យ៉ាង​​​នោះ​​​ទេ​។​

មិត្ត​​​ខ្ញុំ​​​នោះ​​​ឈ្មោះ សំណាង ជា​​​អ្នក​​​ខេត្ត​​​ព្រៃវែង ហើយ​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​​ក្រ​ខ្សត់ មាន​​​ឪពុក​​​ជា​​​កសិករ​។ ដោយសារ​​​មាន​​​ជីវភាព​​​លំបាក សំណាង ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់ ព្រោះ​​​គិត​​​ថា​​​អនាគត​​​ចង់​​​បាន​​​ជីវភាព​​​ដ៏​​​សម​​​ល្មម​​​មួយ ហើយ​​​ប្ដូរ​​​ការ​​​គិត​​​របស់​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​តែង​​​យល់​​​ថា កំណើត​​​អ្នក​​​ក្រ នៅ​​​តែ​​​ក្រ មិន​​​ងាយ​​​រួច​​​ផុត​​​ឡើយ​។ រូប​​​គេ​​​បាន​​​ព្យាយាម​​​រៀន​​​ចប់​​​ថ្នាក់​​​បាក់​​​ឌុប រួច​​​ក៏​​​វេច​​​បង្វេច​​​ឡើង​​​មក​​​ភ្នំពេញ ដើម្បី​​​សិក្សា​​​បន្ត​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ជំនាញ​​​វិស្វករ​។​

​ដោយសារ​​​ជាប់​​​អាហារូបករណ៍ សំណាង មិន​​​ចាំ​​​បាច់​​​ចំណាយ​​​លើ​​​ថ្លៃ​​​បង់​​​សាលា​​​ឡើយ ប៉ុន្តែ​​​ត្រូវ​​​រក​​​លុយ​​​ផ្គ​ត់​​​ផ្គ​ង់​​​ឈ្នួល​​​បន្ទ​ប់​​​ជួល និង​​​ថ្លៃ​​​ហូប​​​ចុក​​​ប្រចាំ​​​ថ្ងៃ ត្បិត​​​អី​​​គ្រួសារ​​​ក៏​​​ពិបាក​​​ផ្ដល់​​​លុយ​​​ដែរ ព្រោះ​​​ធ្វើ​​​ស្រូវ​​​មិន​​​សូវ​​​បាន​​​ផល​។ ជំនាញ​​​វិស្វករ មិន​​​អាច​​​​រក​​​ការងារ​​​បាន​​​ស្រួល​​​នោះ​​​ទេ ព្រោះ​​​ពេល​​​មិន​​​ទាន់​​​ចេះ​​​ស្ទាត់ គ្មាន​​​អ្នក​​​ទទួល​។ សំណាង បាន​​​​ស្គាល់​​​មិត្ត​ភ័ក្ដិ​​​ម្នាក់ ដែល​​​ដឹង​​​ថា អ្នក​​​ធំ​​​ត្រូវ​​​ការ​​​រើស​​​អ្នក​​​ចាំ​​​បើក​​​ទ្វារ​​​ផ្ទះ បាន​​​ណែនាំ​​​ឲ្យ​​​ទៅ​​​សុំ​​​ការងារ​​​គេ​​​ធ្វើ​។​

​ហាក់​​​មាន​​​សំណាង​​​ដូច​​​ឈ្មោះ​​​មែន ទៅ​​​ដល់​​​ភ្លាម ក៏​​​ត្រូវ​​​បាន​​​គេ​​​រើស​​​យក​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​ភ្លែត ដោយ​​​គ្រាន់​​​តែ​​​ចាំ​​​យាម​​​ផ្ទះ និង​​​បើក​​​ទ្វារ ហើយ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ប​ន្តិ​ច​​​បន្តួច​​​ប៉ុណ្ណោះ​។ លើស​​​ពី​​​នេះ ថែម​​​ទាំង​​​មាន​​​កន្លែង​​​ស្នាក់​​​នៅ​​​ស្រាប់ ខាង​​​ក្រោយ​​​ភូមិ​​​គ្រឹះ​​​អ្នក​​​ធំ​​​នោះ​​​តែ​​​ម្ដង​។ ចរិត​​​ស្លូត​​​បូ​ត បូក​​​រួម​​​ទាំង​​​សម្ដី​​​សំដៅ​​​ប្រកប​​​ដោយ​​​ភាព​​​រម្យ​ទម បាន​​​ធ្វើ​​​អ្នក​​​បម្រើ​​​គ្រប់​​​គ្នា​​​ស្រលាញ់​​​រាប់​​​អាន​​​យ៉ាង​​​ខ្លាំង​។ អ្នក​​​ធំ ដែល​​​​ចេញ​​​ចូល​​​ផ្ទះ​​​រាល់​​​ថ្ងៃ បាន​​​មើល​​​ឃើញ​​​ថា សំណាង មាន​​​ចរិត​​​ល្អ ក៏​​​ប្រាប់​​​ឲ្យ​​​ទៅ​​​រៀន​​​បើក​​​ឡាន ដើម្បី​​​ប្ដូរ​​​ការងារ​​​ជា​​​បើក​​​រ​ថយ​ន្ត​​​ជូន​​​លោក​​​វិញ​។​

​រំលង​​​បាន ៤​​ឆ្នាំ សំណាង បាន​​​ប្ដូរ​​​ក្លាយ​​​ជា​​​អ្នក​​​បើក​​​ឡាន​​​ជូន​​​លោក​​​ធំ​​​នោះ​​​វិញ ហើយ​​​ម្ដង​​​ម្កា​ល​​​ក៏​​​ត្រូវ​​​បើក​​​ឡាន​​​ជូន​​​កូន​​​ស្រី​​​របស់​​​លោក ដែល​​​កំពុង​​​រៀន​​​ឆ្នាំ​​​ទី​៣ ទៅ​​​សាលា​​​ផង​​​ដែរ​។ សំណាង ពេញ​​​ចិត្ត​​​នឹង​​​ធ្វើ​​​ការងារ​​​នេះ ព្រោះ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​សម​​​ល្មម ស​ន្សំ​​​ទុក​​​ខ្លះ​​​ក្នុង​​​កុង​​​ធនាគារ និង​​​ខ្លះ​​​ទៀត​​​ផ្ញើ​​​ទៅ​​​ជួយ​​​គ្រួសារ​​​ឯ​​​ស្រុក​។ សកម្មភាព​​​ដដែល​​​បែប​​​នេះ ប្រហែល ១​ឆ្នាំ គឺ​​​នៅ​​​ពេល​​​ជិត​​​រៀន​​​ចប់ ស្រាប់​​​តែ​​​កូន​​​ស្រី​​​អ្នក​​​ធំ បាក់​​​ចិត្ត​​​អាណិត និង​​​ស្រលាញ់ ឯ​​​សំណាង​​​ក៏​​​ពិបាក​​​នឹង​​​ទ​ប់​​​ចិត្ត តែ​​​បាន​​​ត្រឹម​​​និយាយ​​​គ្នា ពេល​​​បើក​​​រ​ថយ​ន្ត​​​ជូន​​​ទៅ​​​សាលា​​​ប៉ុណ្ណោះ ព្រោះ​​​មាន​​​អ្នក​​​តាម​​​ដាន​​​ជាប់​​​ជា​​​ប្រចាំ​។​

​ពេល សំណាង រៀន​​​ចប់​​​វិស្វករ​​​ឆ្នាំ​​​ទី​៥ ឯ​​​កូន​​​ស្រី​​​អ្នក​​​ធំ​​​នោះ រៀន​​​ចប់​​​បរិ​ញ្ញាប​ត្រ​​​ច្បាប់ ៤​​ឆ្នាំ​​​ដែរ ក៏​​​សម្រេច​​​ចិត្ត​​​សារភាព​​​ប្រាប់​​​ឪពុក​​​ម្ដាយ ដើម្បី​​​សុំ​​​រៀប​​​ការ និង​​​បើក​​​ចំហ​។ មិន​​​ខុស​​​ការ​​​គិត គឺ​​​ឪពុក​​​​នាង បាន​​​ខឹង សំណាង យ៉ាង​​​ខ្លាំង ហើយ​​​និយាយ​​​ថា​៖ «​ត្រឹម​​​អ្នក​​​បើក​​​ឡាន​​​សោះ ហេតុ​​​អី​​​ហ៊ាន​​​យ៉ាង​​​នេះ​… ខំ​​​តែ​​​ទុក​​​ចិត្ត តាម​​​ពិត​​​ជា​​​មនុស្ស​​​ចឹង​​​សោះ ដាច់​​​ខាត​​​មិន​​​បាន​​​ទេ ហើយ​​​ឯង​​​ឈ​ប់​​​នៅ​​​នេះ​​​ទៀត​»​។​

​អ្នក​​​ធំ​​​នោះ បាន​​​​បញ្ឈ​ប់ សំណាង ពី​​​ការងារ ហើយ​​​ប្រាប់​​​កូន​​​ស្រី មិន​​​ឲ្យ​​​ទាក់​​​ទង​​​គ្នា​​​ទៀត​​​ឡើយ​។ អំណាច​​​នៃ​​​ក្ដី​​​ស្រលាញ់ បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទាំង​​​ពីរ ព្យាយាម​​​ឱប​​​ជើង យំ​​​អង្វ​រ​​​លន់​​​តួ​​​ឪពុក​​​ម្ដាយ ឲ្យ​​​យល់​​​ព្រម​​ ហើយ សំណាង សន្យា​​​ថា​​​នឹង​​​ព្យាយាម​​​យក​​​ចំណេះ​​​ដែល​​​ខ្លួន​​​រៀន​​​ចប់ មក​​​ធ្វើ​​​ការងារ ដើម្បី​​​មុខ​​​មាត់​​​គ្រួសារ​​​មិន​​​ឲ្យ​​​ខ្មាស​​​គេ​​​ឡើយ​។ ប៉ុន្តែ​​​ឪពុក​​​ម្ដាយ​​​ខាង​​​ស្រី នៅ​​​តែ​​​មិន​​​ព្រម ព្រោះ​​​ចង់​​​បាន​​​អ្នក​​​មាន​​​មុខ​​​មាត់​​​ដូច​​​គ្នា មិន​​​មែន​​​ជា​​​អ្នក​​​ស្រែ​​​ចម្ការ​​​ឡើយ​។​

​ប្រើ​​​អស់​​​វិធី​​​នៅ​​​តែ​​​មិន​​​ជោគ​ជ័យ ខាង​​​ស្រី​​​ក៏​​​សម្រេច​​​ចិត្ត​​​រត់​​​ចេញ​​​ពី​​​ផ្ទះ ហើយ​​​ទាក់​​​ទង សំណាង ដើម្បី​​​ព​ង្រា​ត់​​​គ្នា ដោយ​​​លែង​​​គិត​​​ឧបសគ្គ និង​​​មុខ​​​មាត់​​​អ្វី​​​ទាំង​​​អស់​។ ស្នេហា ពិត​​​ជា​​​អាច​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ហ៊ាន​​​ជម្នះ ហើយ សំណាង មិន​​​គិត​​​ច្រើន ក៏​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរ​​​ទៅ​​​លាក់​​​ខ្លួន​​​នៅ​​​ខេត្ត​​​ស្វាយ​រៀង ព្រោះ​​​មិន​​​អាច​​​ទៅ​​​ខេត្ត​​​ព្រៃវែង​​​បាន​​​ទេ ត្បិត​​​អ្នក​​​ធំ​​​នោះ ស្គាល់​​​ផ្ទះ​​​យ៉ាង​​​ច្បាស់ ខ្លាច​​​នាំ​​​គ្នា​​​ទៅ​​​ចាប់​​​ដល់​​​ផ្ទះ​។​

​ដោយសារ​​​រត់​​​ចេញ​​​តែ​​​ខ្លួន សំណាង និង​​​សង្សារ ដែល​​​ជា​​​កូន​​​ស្រី​​​អ្នក​​​ធំ ត្រូវ​​​ជ្រក​​​កោ​ន ក្រោម​​​ដំបូល​​​ផ្ទះ​​​មីង នៅ​​​ឆ្ងាយ​​​ពី​​​ទី​​​រួម​​​ខេត្ត​​​ប​ន្តិ​ច​។ សំណាង បាន​​​យក​​​ជំនាញ​​​ដែល​​​ខ្លួន​​​រៀន ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ក្រុមហ៊ុន​​​សាងសង់​​​មួយ ចំណែក​​​ឯ​​​ខាង​​​ស្រី​​​រក​​​ការងារ​​​មិន​​​ទាន់​​​បាន​​​ធ្វើ គឺ​​​នៅ​​​ផ្ទះ​​​ជាមួយ​​​មីង សុខ​​​ចិត្ត​​​លំបាក រៀន​​​ធ្វើ​​​ម្ហូប ធ្វើ​​​ការងារ​​​ផ្ទះ រៀន​​​រស់នៅ​​​ក្នុង​​​ជីវិត​​​សាម​ញ្ញ ខុស​​​កាល​​​ពី​​​មុន ដែល​​​មាន​​​អ្នក​​​បម្រើ​​​គ្រប់​​​សព្វ ឆ្វេង​​​ស្ដាំ​។​

ចំណែក​​​ឪពុក​​​ម្ដាយ​​​ខាង​​​ស្រី បាន​​​តាម​​​រក​​​កូន​​​ស្រី​​​ផង ប្ដឹង​​​ប៉ូលិស​​​ផង និង​​​ទៅ​​​ដល់​​​ស្រុក​​​កំណើត​​​របស់​​​ខាង​​​ប្រុស​​​ផង នៅ​​​តែ​​​មិន​​​អាច​​​មាន​​​ដំណឹង ព្រោះ សំណាង បាន​​​លាក់​​​ទាំង​​​ឪពុក​​​ម្ដាយ​​​នៅ​​​ឯ​​​ខេត្ត​​​ព្រៃវែង​​​ទៀត​។ រយៈ​​​ពេល​​​ជាង ២​​ខែ ស្រាប់​​​តែ​​​មាន​​​គេ​​​ដឹង​​​រឿង​​​ច្រើន ណែ​​​នាំ​​​ឲ្យ​​​អ្នក​​​ទាំង​​​ពីរ ទៅ​​​ឃុំ ដើម្បី​​​ចុះ​​​អេតាស៊ី​វិល​​​តាម​​​ផ្លូវ​​​ច្បាប់ ព្រោះ​​​បើ​​​ឪពុក​​​ម្ដាយ​​​ចាប់​​​បាន ក៏​​​ខាង​​​ប្រុស​​​គ្មាន​​​បញ្ហា ដោយសារ​​​ជា​​​ការ​​​ព្រម​ព្រៀង​​​ស្រលាញ់​​​គ្នា​​​ពិត​។​

​នៅ​​​ថ្ងៃ​​​ដែល​​​ពួក​​​គេ​​​ដឹក​​​ដៃ​​​គ្នា​​​ទៅ​​​ចុះ​​​អេ​តា​​​ស៊ីវិល​​​នៅ​​​សាលា​​​ឃុំ គឺ​​​ចៃដន្យ​​​ចំ​​​ពេល​​​ដែល​​​មាន​​​ឡាន​​​ស៊េរី​​​ទំនើប ២​​គ្រឿង មក​​​ដល់​​​​ទី​​​នោះ​​​ដែរ​។ អង្គ​រក្ស ៤ ៥​​នាក់ បាន​​​ចុះ​​​មក​​​ក្រៀក​​​អ្នក​​​ទាំង​២ ឡើង​​​ឡាន​​​មក​​​ភ្នំពេញ​​​វិញ ដោយ​​​គ្មាន​​​អាជ្ញាធ​រ​​​ណា ហ៊ាន​​​ឃាត់​​​ឡើយ​។ ថ្ងៃ​​​នោះ គឺ​​​ជា​​​ពេល​​​ដែល​​​ឪពុក​​​នាង បាន​​​ស៊ើប​​​ដឹង​​​ការ​​​ពិត ពី​​​កន្លែង​​​ពូក​​​គេ​​​លាក់​​​ខ្លួន​។ យក​​​មក​​​ដល់​​​ភ្នំពេញ ខាង​​​ស្រី​​​ត្រូវ​​​ឪពុក​​​នាង​​​យក​​​ទៅ​​​ដាក់​​​បន្ទ​ប់​​​ឃុំ​​​ខ្លួន ឯ​​​ខាង​​​ប្រុស​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​សមត្ថកិច្ច ដោយ​​​បញ្ជាក់​​​ថា ចាប់​​​ពេល​​​ពេល​​​រំលោភ​​​កូន​​​ស្រី​​​ខ្លួន​។​

​ឪពុក​​​ខាង​​​ស្រី បាន​​​ព្យាយាម​​​ប​ញ្ចុះ​​​បញ្ចូល​​​កូន​​​ស្រី​​​ខ្លួន ពី​​​មុខ​​​មាត់ កិ​ត្តិ​យស​​​គ្រួសារ ហើយ​​​ប​ញ្ចុះ​​​បញ្ចូល​​​កូន​​​ស្រី​​​ថា ពេល​​​ឡើង​​​តុលាការ ឆ្លើយ​​​ថា គឺ​​​ខាង​​​ប្រុស​​​ចាប់​​​បង្ខាំង​​​ខ្លួន​​​រំលោភ​។ ឪពុក​​​ដែល​​​ជា​​​អ្នក​​​ធំ ក៏​​​គិត​​​ដែរ​​​ថា ក្រោយ​​​ពេល​​​ចប់​​​រឿង​​​រ៉ាវ​​​នេះ នឹង​​​ធ្វើ​​​ឲ្យ​​​វា​​​ស្ងប់​​​ស្ងាត់​​​ទៅ​​​វិញ ហើយ​​​រក​​​បុរស​​​ម្នាក់​​​ដែល​​​មាន​​​មុខ​​​មាត់ ឲ្យ​​​រៀប​​​ការ​​​ជាមួយ​​​កូន​​​ស្រី​​​ខ្លួន ដើម្បី​​​ឲ្យ​​​នាង​​​រស់​​​នៅ​​​បាន​​​សុខ​​​មាន​​​សុ​ភ​​​ម​ង្គ​ល​។​

​សំណាង ត្រូវ​​​បាន​​​តុលាការ ឃុំ​​​ខ្លួន​​​ប​ណ្ដោះ​​​អាសន្ន នៅ​​​ពន្ធនាគារ រង់ចាំ​​​ការ​​​ស៊ើប​​​អង្កេត​​​បន្ថែម​។ ក្នុង​​​រយៈ​​​ពេល​​​នេះ កូន​​​ស្រី មិន​​​ត្រូវ​​​បាន​​​ឪពុក​​​អនុញ្ញាត​​​ឲ្យ​​​ចេញ​​​ក្រៅ​​​ឡើយ ដោយ​​​ព្យាយាម​​​ប​ញ្ចុះ​​​បញ្ចូល​​​រាល់​​​ថ្ងៃ​​​ថា ពេល​​​បើក​​​សវនាការ ត្រូវ​​​និយាយ​​​ថា ជា​​​ការ​​​រំលោភ​។ ឯ​​​នាង ក៏​​​បាន​​​យល់​​​ព្រម និង​​​សុំ​​​ទោស​​​ឪពុក​​​ម្ដាយ ហើយ​​​ព្យាយាម​​​កាត់​​​ចិត្ត​​​ប​ន្តិ​ច​​​ម្ដងៗ​។​

​អំឡុង​​​ពេល​​​ប្រមាណ ១​​ខែ នៃ​​​ការ​​​ស៊ើប​​​ក្ដី ឪពុក​​​ម្ដាយ របស់​​​នាង ស្រាប់​​​តែ​​​ចាប់​​​អារម្មណ៍​​​ថា កូន​​​ស្រី ផ្លាស់​​​ប្ដូរ​​​ស្ទើរ​​​ទាំង​​​ស្រុង​។ កាល​​​ពី​​​មុន ចៀន​​​ពង​​​ទា ក៏​​​នាង​​​មិន​​​ចេះ​​​ផង តែ​​​ឥឡូវ ពេល​​​ទំនេរ​​​អផ្សុក នាង​​​ស្រាប់​​​តែ​​​ចូល​​​ធ្វើ​​​ម្ហូប ដ៏​​​មាន​​​ឱជា​រស​​​បែប​​​ស្រុក​​​ស្រែ​… នាង​​​ចេះ​​​បោស​​​សម្អាត​​​ផ្ទះ​… នាង​​​ចេះ​​​រៀប​​​ចំ​​​ទុក​​​ដាក់​… នាង​​​ក្លាយ​​​ជា​​​នារី​​​ស្លូត​​​បូ​ត​​​ម្នាក់​… នាង​​​ស្រាប់​​​តែ​​​ប្រែ​​​ក្លាយ ពី​​​ក្មេង​​​មិន​​​ចេះ​​​អី​​​សោះ មក​​​ជា​​​មនុស្ស​​​ដែល​​​ពេញ​​​លក្ខណៈ​​​ត្រឹម​​​ពេល​​​ជាង​​​មួយ​​​ខែ​។​

​ឪពុក​​​នាង ចេះ​​​តែ​​​គិត​​​ថា ឱ​​​កូន​​​ស្រី ដើម្បី​​​បុរស​​​ម្នាក់ កូន​​​ពិត​​​ជា​​​ប្ដូរ​​​បែប​​​នេះ​​​មែន​​​ទេ​? តើ​​​ស្នេហា​​​ពិត​​​ជា​​​មាន​​​ឥទ្ធិ​ពល​​​ខ្លាំង​​​បែប​​​នេះ​​​មែន​​​ទេ​? ប៉ុន្តែ​​​ក្នុង​​​នាម​​​ជា​​​ឪពុក ធ្វើ​​​ម្ដេច​​​ឲ្យ​​​កូន​​​ទៅ​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​ក្រ​​​កើត​។ មិន​​​អាច​​​ទេ​​​កូន ប៉ា​​​មិន​​​អាច​​​ប្ដូរ​​​ចិត្ត​​​ទេ​។ ទោះ​​​បី​​​ក្ដី​​​អាណិត ចាប់​​​ផ្ដើម​​​ចាក់​​​ចូល​​​បេះ​​​ដូង​​​ឪពុក​​​ម្ដាយ​​​របស់​​​នាង ប៉ុន្តែ​​​អ្វី​​​ៗ​​​បាន​​​ជ្រុល​​​ដំណើរ​​​ហើយ លុយ​​​ក៏​​​បាន​​​ដល់​​​ដៃ​​​តុលាការ​​​ហើយ​​​ដែរ ដើម្បី​​​ចោទ​​​ប្រកាន់ ដាក់​​​ពន្ធនាគារ​​​ឲ្យ​​​បាន​​​យូរ បង្កើន​​​ស្ថាន​​​ទ​ម្ងន់​​​ទោស​។​

​ថ្ងៃ​​​បើក​​​សវនាការ​​​បាន​​​មក​​​ដល់ នាង​​​ជា​​​ជន​​​រង​​​គ្រោះ ត្រូវ​​​ឆ្លើយ​​​បំភ្លឺ​​​មុខ​​​តុលាការ និង​​​ជា​​​ជន​​​សំខាន់​​​បំផុត​​​ក្នុង​​​រឿង​​​នេះ​។ ឪពុក​​​ម្ដាយ មាន​​​ជំនឿ​​​ចិត្ត ១០០​ភាគ​​​រ​យ ថា​​​នាង​​​នឹង​​​ឆ្លើយ​​​តាម ព្រោះ​​​នាង​​​បាន​​​កាត់​​​ចិត្ត នាង​​​បាន​​​សុំ​​​ទោស ទទួល​​​ស្គាល់​​​កំហុស​​​ទៅ​​​ហើយ​។ ចំណែក​​​ជន​​​ស​ង្ស័​យ​​​ឈ្មោះ សំណាង បាន​​​ត្រឹម​​​បញ្ចេញ​​​ទឹក​​​មុខ​​​ក្រៀម​​​ក្រំ ព្រោះ​​​បក​​​ស្រាយ​​​អស់​​​ហើយ នៅ​​​ចាំ​​​តែ​​​សង្សារ​​​ជា​​​ទី​​​ស្រលាញ់​​​របស់​​​ខ្លួន​​​ជា​​​អ្នក​​​កំណត់​​​ប៉ុណ្ណោះ​។​

​«​ខ្ញុំ​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​គាត់ គ្មាន​​​អ្នក​​​ប​ង្ខំ​​​ទេ គឺ​​​ខ្ញុំ​​​ព្រម​​​ទៅ​​​តាម​​​គាត់​… ប៉ា​​​ម៉ាក់​​​កូន​​​សុំ​​​ទោស​​​ផង​…» និយាយ​​​រួច​​​នាង​​​បាន​​​យក​​​ដៃ​​​មក​​​ម្ខាង​​​មក​​​ទ​ប់​​​​ច្រមុះ​​​យំ រួច​​​ក៏​​​រត់​​​ចេញ​​​ទៅ​​​ឱប​​​គ្នា​​​ជាមួយ សំណាង​។ ឪពុក​​​ម្ដាយ​​​ឃើញ​​​បែប​​​នេះ ធ្លាក់​​​ថ្លើម​​​ក្ដុក ព្រោះ​​​នឹក​​​ស្មាន​​​មិន​​​ដល់​។ ចំណែក​​​ចៅ​​​ក្រម​​​ទាំង​​​អស់ ឃើញ​​​ជាក់​​​ស្ដែង​​​បែប​​​នេះ​​​ហើយ មិន​​​អាច​​​ប្រកែក​​​តាម​​​ទឹក​​​លុយ​​​បាន​​​ទេ មាន​​​តែ​​​សម្រេច​​​ថា នេះ​​​ជា​​​ការ​​​ព្រម​ព្រៀង និង​​​ទទួល​​​ស្គាល់​​​ចំណង​​​ស្នេហា​​​ពួក​​​គេ ព្រម​​​ទាំង​​​ប្រាប់​​​ឲ្យ​​​ឪពុក​​​ម្ដាយ ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​រៀប​​​ការ ដោយ​​​មិន​​​មាន​​​ចាប់​​​ទោស​​​កំហុស​​​អ្វី​​​ឡើយ​។​

​ពិត​​​ណាស់ អ្នក​​​ធំ​​​នោះ គ្មាន​​​អ្វី​​​ប្រកែក​​​បាន​​​ទេ មាន​​​តែ​​​រៀប​​​ចំ​​​ពិធី​​​តូច​​​មួយ ដោយ​​​មិន​​​ធ្វើ​​​ធំ​​​ប៉ុន្មាន​​​ទេ ព្រោះ​​​ខ្មាស​​​គេ​​​ខ្លាំង​​​ពេក​។ ក្រោយ​​​មក អ្នក​​​ទាំង​​២ បាន​​​សុំ​​​ចេញ​​​ពី​​​ផ្ទះ ទៅ​​​រស់​​​នៅ​​​ផ្ទះ​​​ជួល​​​វិញ ហើយ​​​ឪពុក​​​ម្ដាយ បាន​​​អនុញ្ញាត ព្រោះ​​​អត់​​​ទ្រាំ​​​នឹង​​​ការ​​​ឈឺ​​​ចាប់​​​មិន​​​បាន ចាត់​​​ទុក​​​ជា​​​ការ​​​កាត់​​​សាច់​​​មួយ​​​ដុំ​​​ចេញ​​​ពី​​​ប្រាណ​​​ទៅ​​​ចុះ​។​

​ការ​​​រស់នៅ ២​​នាក់​​​ប្ដី​​​ប្រពន្ធ​​​ដ៏​​​កម្សត់ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ដុន​​​ដាប​​​ទេ គឺ​​​មាន​​​តែ​​​ប្រឹង​​​ប្រែ​ង​​​ទ្វេ​​​ដង ដើម្បី​​​បញ្ជាក់​​​ថា កម្លាំង​​​ចិត្ត​​​មាន​​​ន័យ​​​លើស​​​អ្វី​​​ៗ​​​ទាំង​​​អស់​។ សំណាង បាន​​​ធ្វើ​​​ការ​​​ជា​​​វិស្វករ​​​នៅ​​​ក្រុមហ៊ុន​​​មួយ ចំណែក​​​ប្រពន្ធ ទោះ​​​បី​​​រៀន​​​ចប់​​​ផ្នែក​​​ច្បាប់ តែ​​​មិន​​​អាច​​​រក​​​ការងារ​​​ផ្នែក​​​ច្បាប់​​​ធ្វើ​​​បាន​​​ទេ​។ នាង​​​បាន​​​ធ្វើ​​​ការ​​​ជា​​​អ្នក​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ហាង​​​អាហារ​​​មួយ ត្បិត​​​ចរិត​​​នាង​​​ស័ក្ដិសម​​​បំផុត ព្រោះ​​​ធ្លាប់​​​ជា​​​កូន​​​អ្នក​​​មាន តែ​​​មាន​​​បទ​​​ពិសោធន៍​​​ចូល​​​ចង្ក្រាន​​​ញឹក​។

រំលង​​​បាន ២​​ឆ្នាំ សំណាង បាន​​​ចាប់​​​បទ​​​ពិសោធន៍​​​បាន​​​ច្រើន ហើយ​​​ក៏​​​យក​​​លុយ​​​ដែល​​​ខ្លួន​​​ស​ន្សំ​​​នៅ​​​ធនាគារ មក​​​បើក​​​ក្រុមហ៊ុន​​​ខ្លួន​​​ឯង​​​មួយ​។ ចំណែក​​​ប្រពន្ធ​​​វិញ បាន​​​ឈ​ប់​​​ព​​​ការងារ​​​នៅ​​​ហាង​​​អាហារ​​​នោះ មក​​​ជួយ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ប្ដី ក្នុង​​​នាម​​​ជា​​​អ្នក​​​ជំនួយ​​​ផ្នែក​​​ច្បាប់ និង​​​គ្រប់​​​គ្រង​​​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន​​​បាន​​​រីក​​​ដុះ​​​ដា​ល មាន​​​បុគ្គលិក​​​កាន់​​​តែ​​​ច្រើន កាន់​​​គ​ម្រោង​​​ធំ​​​ទាំង​​​រដ្ឋ និង​​​ឯក​​​ជន​។ ពួក​​​គេ បាន​​​ស​ន្សំ​​​លុយ ទិញ​​​ផ្ទះ ទិញ​​​ឡាន​​​ជិះ មាន​​​ចំណូល​​​យ៉ាង​​​ធូរ​​​ធា​រ ស្គាល់​​​អស់​​​អ្នក​​​តូច អ្នក​​​ធំ​។​

​៥​​ឆ្នាំ​​​ក្រោយ​​​មក ឪពុក​​​នាង​​​ចូល​​​និវត្ត រៀង​​​មាន​​​វ័យ​​​ចាស់​​​ប​ន្តិ​ច​​​ទៅ​​​ហើយ ឯ​​​ចំណូល​​​មាន​​​ត្រឹម​​​ប្រាក់​​​ខែ​​​ចូល​​​និវត្ត​​​ប៉ុណ្ណោះ​។ ថ្ងៃ​​​មួយ ឪពុក​​​នាង​​​បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ ចូល​​​ម​ន្ទីរ​ពេទ្យ បែរ​​​ជា​​​គ្មាន​​​ន​រណា​​​មក​​​អើត មក​​​ហែហម ដូច​​​កាល​​​នៅ​​​មាន​​​តំណែង​​​ឡើយ​។ មាន​​​តែ​​​កូន​​​ស្រី និង​​​បុរស​​​ម្នាក់ ជា​​​អគ្គនាយក​​​ក្រុមហ៊ុន​​​សាង​​​សង់​​​មក​​​មើល និង​​​មក​​​សួរ​​​សុខទុក្ខ​។ ក្នុង​​​នោះ​​​ដែរ មាន​​​អ្នក​​​សួរ​​​សុខ​​​ទុក្ខ​​​ខ្លះ បាន​​​ស្គាល់ សំណាង ដែល​​​ជា​​​អគ្គនាយក​​​ក្រុមហ៊ុន ក៏​​​បាន​​​គំនា​ប់ និង​​​និយាយ​​​ថា​៖ «​អូ​ហ៍​! បង សំណាង ទេ​… បង សំណាង កូន​​​គាត់​​​មែន​? លោក​​​ពូ ពិត​​​ជា​​​អស្ចារ្យ​​​ណាស់ មាន​​​កូន​​​ជា​​​អគ្គនាយក​​​ក្រុមហ៊ុន​​​ដូច​​​បង សំណាង នេះ​»​។​

​ឪពុក​​​ស្រាប់​​​តែ​​​ភ្ញាក់​​​ខ្លួន នឹក​​​គិត​​​ឡើង​​​វិញ ក៏​​​ដឹង​​​ថា​​​ខ្លួន​​​គិត​​​ខុស​​​រឿង​​​ជា​​​ច្រើន​។ រឿង​​​ទី​១ យល់​​​ថា តំណែង​​​ពិត​​​ជា​​​សំខាន់​​​ខ្លាំង តែ​​​មិន​​​បាន​​​ធ្វើ​​​អំពើ​​​ល្អ​​​គ្រប់​​​គ្រាន់ លុះ​​​ពេល​​​បាត់​​​តំណែង លែង​​​មាន​​​អ្នក​​​គោរ​ព គឺ​​​មាន​​​តែ​​​អ្នក​​​ស្អប់ មាន​​​តែ​​​អ្នក​​​គុំកួន​។ រឿង​​​ទី​២ យល់​​​ថា មាន​​​លុយ​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទាំង​​​អស់ ប៉ុន្តែ​​​ពេល​​​ធ្លាក់​​​ខ្លួន​​​ឈឺ ទើប​​​ដឹង​​​ថា លុយ​​​មិន​​​អាច​​​ទិញ​​​សុខភាព​​​បាន មិន​​​អាច​​​ជួយ​​​មនុស្ស​​​ឲ្យ​​​មាន​​​ជីវិត​​​អម​ត រឹតតែ​​​មិន​​​អាច​​​ទិញ​​​សុភម​ង្គ​ល​​​បាន​។ រឿង​​​ទី​៣ មើល​​​ងាយ​​​អ្នក​​​ក្រ ថា​​​មិន​​​អាច​​​ក្លាយ​​​ជា​​​អ្នក​​​មាន ប៉ុន្តែ​​​តាម​​​ពិត អតីតកាល និង​​​បច្ចុប្បន្ន​​​កាល​​​របស់​​​មនុស្ស អាច​​​មើល​​​ឃើញ តែ​​​មិន​​​អាច​​​វាយ​​​តម្លៃ​​​អនាគត​​​នោះ​​​ទេ​។ គិត​​​រួច ឪពុក​​​ម្ដាយ​​​​បាន​​​ស្រក់​​​ទឹក​​​ភ្នែក ឱប​​​កូន​​​ស្រី​​​យំ រួច​​​សុំ​​​ទោស​​​រាល់​​​កំហុស​​​គ្រប់​​​យ៉ាង​​​ដែល​​​ធ្លាប់​​​មាន​៕

Be the first to comment

Leave a Reply

Your email address will not be published.


*