មហាសេដ្ឋី​ថៃ​មាន​ទ្រព្យ ៥​ពាន់​លាន​ដុល្លារ ឡាន​ទំនើប ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន ចុង​ក្រោយ​ស្លាប់​បាត​ដៃ​ទទេ

គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មួយ បាន​ធ្វើ​ឱ្យ​រំជួយ​ពិភព​បាល់​ទាត់​អង់គ្លេស បន្ទាប់​ពី​ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha ផ្ទុះ​ឆេះ​ភ្លាមៗ នៅ​កន្លែង​ចត​រថយន្ត​នៃ​កីឡដ្ឋាន King Power Stadium។ នៅ​ថ្ងៃ​នេះ ក្លឹប Leicester បាន​បញ្ចេញ​ឈ្មោះ​អ្នក​ស្លាប់​ទាំង៥នោះ​ហើយ គឺ​មាន​ទាំង​មហាសេដ្ឋី​ម្ចាស់​ក្លឹប Leicester អ្នក​បើក​ឧទ្ធម្ភាគចក្រ ២​នាក់ និង​ជំនួយ​ការ ២​នាក់។បើ​តាម​ទស្សនាវដ្ដី Forbes បាន​បង្ហាញ​ថា មហាសេដ្ឋី Vichai Srivaddhanaprabha មាន​ទ្រព្យ​សម្បត្តិ​សរុប ៤,៩​ពាន់​លាន​ដុល្លារ។ លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​មិន​គិត​ពន្ធ King Power ដែល​មាន​ហាង​លក់​ទំនិញ​នៅ​ស្ទើរ​គ្រប់​ព្រលាន​យន្តហោះ​ក្នុង​តំបន់​អាស៊ី។ លោក Vichai បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន King Power នេះ​ឡើង នៅ​ក្នុង​ឆ្នាំ ១៩៨៩ ហើយ​ហាង​ដំបូង​គេ​គឺ​នៅ​បាងកក។

ដោយ​សារ​ជា​អ្នក​មាន​ចំណូល​ចិត្ត​ស្រលាញ់​បាល់​ទាត់ មហាសេដ្ឋី​រូប​នេះ បាន​ទិញ​ក្លឹប Leicester មក​គ្រប់​គ្រង​ក្នុង​ឆ្នាំ​២០១០ តម្លៃ ៥០​លាន​ដុល្លារ។ ក្លឹប​នេះ​បាន​លើក​ពាន​កំពូល Premier League ជា​លើក​ដំបូង​នៅ​រដូវ​កាល 2015-2016 ដែល​ពេល​នោះ​ធ្វើ​ឱ្យ​រញ្ជួយ​ពិភព​បាល់​ទាត់​យ៉ាង​ខ្លាំង ហើយ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា បុរស​ដែល​មាន​ចិត្ត​សប្បុរស និង​គុណធម៌​បំផុត។

ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រាស់​ក្រែល​បែប​នេះ បាន​ធ្វើ Vichai Srivaddhanaprabha ទិញ​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង មាន​ទាំង​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន ហើយ​មាន​នាវា​កម្សាន្ត​ផ្ទាល់​ខ្លួន​ទៀត​ផង។ ក្រៅ​ពី​ធ្វើ​ជំនួញ លោក​តែង​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម Leicester ជា​និច្ច ដោយ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន រហូត​ដល់​ជួប​គ្រោះ​ថ្នាក់​កាល​ពី​ម្សិលមិញ​តែ​ម្ដង។ ​

សព្វថ្ងៃ លោក Vichai Srivaddhanaprabha មាន​អាយុ​ទើប ៦០​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​កូន ៤​នាក់។ លោក​មាន​ប្រពន្ធ Aimon Srivaddhanaprabha។ ដោយ​សារ​ទិញ​ក្លឹប Leicester City លោក​ក៏​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ច្បាប់​កិត្តិយស​ពី​សាកលវិទ្យាល័យ Leicester ផង​ដែរ ក្នុង​ឆ្នាំ​២០១៦។ គ្រប់​គ្នា សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​មហាសេដ្ឋី ស្រលាញ់​កីឡា​រូប​នេះ ស្លាប់​ភ្លាមៗ ទាំង​មិន​ទាន់​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​ចប់​អស់​ផង៕

Be the first to comment

Leave a Reply

Your email address will not be published.


*