ជឿអត់? គ្រូខ្មែរដោះអំពើ ខ្ជាក់ចេញអំបែងកែវ និងឆ្អឹងស្រស់ៗគួរឲ្យស្រៀវ

ខ្មែរ​តាំង​ពី​បុរាណ​មក​តែង​មាន​ជំនឿ​លើ​មន្តអាគម ​បាលី​​គាថាសម្រាប់​ការពារ​ខ្លួន​ពី​សត្រូវ​ដែល​ចង់​ប៉ុន​ប៉ង​លើ​ផ្លូវ​ងងឹត គាថា​សម្រាប់​មើល​ជំងឺ ស្តោះ​ផ្លុំ​ ករណី​មាន​បញ្ហា​ថ្លោះ​ដៃ​ជើង​ គ្រេច​រមួល​សរសៃ​ជា​ដើម​។

​ប៉ុន្តែ​​មួយ​ចំនួន​ទៀត​ដែល​យើង​គ្រប់​គ្នា​តែ​ឮ​តៗ​គ្នា​នោះ​ គឺ​ជា​មន្ត​អាគម​ដែល​សង្គម​ខ្មែរ​ស្អប់​ខ្ពើម​​ ដូច​ជា​អំពើ​អាប​ធ្មប់​​​ដោយ​សារ​តែ​អ្នក​រៀនវិជ្ជា​​​ទាំង​នោះ ច្រើន​តែ​ដើរ​ដាក់​អំពើ​លើ​អ្នក​ដទៃ​ធ្វើ​ឲ្យ​អ្នក​ដទៃ​រងគ្រោះ ​មាន​ជំងឺ មួរម៉ៅក្ដៅចិត្ត​ ​ឈឺ​ចាប់​ ឬ​ដល់​ឆ្កួត​ទើប​ស្វះស្វែង​រក​អ្នក​ព្យាបាល​ទាំង​គ្រូ​ពេទ្យ​ និង​គ្រូ​ខ្មែរ​ជា​ដើម។​ តែ​​អ្នក​ដែល​ត្រូវ​អំពើ​គេ​ គាត់​មិន​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​ជា​នោះ​ទេ ព្រោះ​ពេទ្យ​ពិនិត្យ​មើល​មិន​​ឃើញ​រោគ​សញ្ញា​ ទាល់​តែ​គាត់​ទៅ​​​រក​គ្រូ​ខ្មែរ​ពូកែ​ដោះ​អំពើ​ខាង​ផ្លូវ​ងងឹត​ទើប​អាច​មើល​ជា​​បាន​។

ចំណែក​នៅ​ពេល​ថ្មីៗ​នេះ​ មាន​ករណី​មួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​មួយ​ដែល​និយាយ​អំពី​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​ត្រូវ​អំពើ​គេ​ឲ្យ​បាន​ធូរ​ស្រាល។ វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ Facebook ឈ្មោះ​​«សុភាព​ស្រលាញ់​សន្តិភាព» បាន​សរសេរ​រៀប​រាប់​ថា«ជឿ​ ឬ​អត់​មិត្ត​ទាំង​អស់​គ្នា ​គ្រូ​នៅ​ស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ​ ស្តែង​ណាស់​អ្នក​ត្រូវ​អំពើ​គេ»។ ក្នុង​វីដេអូ​នោះ​បាន​បង្ហាញ​ថា ​មាន​មនុស្ស​ដែល​ទៅ​ព្យាបាល​ជំងឺ​ត្រូវ​អំពើ​គេ​មាន​ចំនួន​ច្រើន​មែន​ទែន។

​​អ្នក​ជំងឺ​​ត្រូវ​អង្គុយ​រង់ចាំ​​តម្រៀប​គ្នា​ហើយ​ឲ្យ​គ្រូ​ព្យាបាល​ដោយ​ប្រើ​គាថា​ម្នាក់​ម្តងៗ និង​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន​នោះ ​ខណៈ​ពេល​ដោះ​អំពើ​នោះ​មាន​របស់​ប្លែកៗ​ជា​ច្រើន​ដែល​បាន​យក​ចេញ​​ពី​ខ្លួន​អ្នក​ជំងឺ ​មាន​ដូច​ជា​អំបែង​កែវ ឆ្អឹង ចេញ​មក​ស្រស់ៗ​តែ​ម្តង ឯ​អ្នក​ខ្លះ​ទៀត​ឈឺ​រហូត​ដល់​កោរសក់​ទៀត​ផង​ តែ​ពេល​មក​ព្យាបាល​ដោះ​អំពើ​នេះ​បាន​ធូរ​ស្រាល​ជាង​មុន ស្រលះ​មុខ​ស្រលះ​មាត់ ​ទើប​ពួក​គាត់​មិន​ជឿ​មិន​បាន។

ប៉ុន្តែ​បើ​យើង​គិត​ដល់​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ ​មិន​សូវ​ជា​មាន​ជំនឿ​បែប​នេះ​នោះ​​ទេ​ព្រោះ​តែ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ​ហើយ​រឿង​អបិយជំនឿ​ គឺ​ជា​រឿង​ដែល​ចាស់​គំរឹល​ មិន​រីក​ចម្រើន​ហើយ​ចោទ​ថា​ការ​ជឿ​រឿង​ទាំង​នោះ​គឺ​ជា​ការ​ឆោត​ល្ងង់​ណាស់។​ ប្រសិន​បើ​អ្នក​មិន​ជឿ​រឿង​ទាំង​នោះ​ក៏​មិន​ត្រូវ​ធ្វើ​ការ​ប្រមាថ​ដែរ ​ព្រោះ​រឿង​ទាំង​នេះ​ជា​ប្រភេទ​អបិយជំនឿ ​និង​ជា​រឿង​មើល​មិន​ឃើញ៕

Be the first to comment

Leave a Reply

Your email address will not be published.


*