ចង់ចំណេញដាច់ចំណង! ប្ដីធ្វើពុតជាស្លាប់ បែរប្រពន្ធនិងកូន២នាក់ ទៅស្លាប់តាមមែនទែន

រឿង​រ៉ាវ​គួរ​ឲ្យ​សង្វេគ​មួយ​អំពី​ស្រ្តី​​ជន​ជាតិចិន​ម្នាក់​ បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ​ព្រម​ជា​មួយ​កូន​​ជា​ទី​ស្រលាញ់​ចំនួន​ពីរ​នាក់​ទៀត ​ក្រោយ​ពី​នាង​បាន​ជឿ​ថា ​ប្តី​របស់​នាង​បាន​ស្លាប់​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​ថ្មីៗ​នេះ។ប្តី​របស់​នាង​ឈ្មោះ He អាយុ​៣៤ឆ្នាំ ​បាន​ធ្វើ​ពុត​ជា​ស្លាប់​ក្នុង​គោល​បំណង​ទទួល​បាន​ប្រាក់​សំណង​ធានា​រ៉ាប់រង​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង ​ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​ផែន​ការ​ធ្វើ​ស្លាប់​ក្លែង​ក្លាយ​នេះ​ឲ្យ​គ្រួសារ​ដឹង​មុន​ឡើយ។

យោង​តាម​សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​ បុរស​ជា​ប្ដី​បាន​ខ្ចី​រថយន្ត​គេ​​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​ ១៩​ខែ​កញ្ញា​កន្លង​ទៅ ដែល​ក្រោយ​មក​​អាជ្ញាធរ​បាន​រក​ឃើញ​ថា ​រថ​យន្ត​នោះ​បាន​ក្រឡាប់​ចូល​ទៅ​ក្នុង​ទន្លេ Zijiang ក្នុង​ស្រុក​ Xinhua ប្រទេស​ចិន​។ ក្រោយ​ពី​ការ​ស្រាវ​ជ្រាវ​របស់​ប៉ូលិស​នៅ​ម្តុំ​តំបន់​ដែល​រថយន្ត​​ក្រឡាប់​នោះ​ គេ​នៅ​តែ​មិន​អាច​ស្វែង​រក​សាកសព​របស់​បុរស​នោះ​ឃើញ​ទេ​។

​រយៈ​ពេល ៣សប្ដាហ៍​បន្ទាប់​ពី​ដឹង​ថា​ប្ដី​ស្លាប់ នារី​ជា​ប្រពន្ធ​ឈ្មោះ​ថា​ Dai ​អាយុ ​៣១​ឆ្នាំ ​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​ កំពុង​នាំ​កូនប្រុស​អាយុ​ ៤​ឆ្នាំ​ម្នាក់ ​និង​កូនស្រី​អាយុ​ ៣​ឆ្នាំ​​ម្នាក់ ដើរ​ទៅ​ជិត​ស្រះ​ក្បែរ​ផ្ទះ។ នៅ​ពេល​ដើរ​ទៅ​​ដល់​ស្រះ​ហើយ នាង​ត្រូវ​បាន​គេ​ឃើញ ​ចង​ដៃ​កូនៗ រួច​បោះ​ចូល​ទៅ​ក្នុង​​ស្រះ​ឲ្យ​លង់​ទឹក​ស្លាប់​គ្មាន​ក្ដី​អាណិត​ ​បន្ទាប់​មក​នាង​ក៏​បាន​លោត​ទឹក​សម្លាប់​ខ្លួន​តាម​ក្រោយ​តែ​ម្ដង​។

​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុន​ពេល​នាង​ និង​កូន​ៗ​​លោត​ទឹក​សម្លាប់​ខ្លួន​​ នាង​បាន​បង្ហោះ​សារ​មួយ​ទៅ​លើ​បណ្ដាញ​សង្គម​ WeChat របស់​នាង​ផង​ដែរ​។ ក្នុង​សារ​នោះ​ នាង​បាន​បង្ហាញ​អារម្មណ៍​​ឈឺ​ចាប់​ជា​ខ្លាំង ដោយ​សារ​តែ​​គ្រួសារ​ខាង​ប្តី​ ​បាន​ចោទ​ប្រកាន់​នាង​ថា នាង​ជា​អ្នក​ធ្វើ​ឲ្យ​ប្ដី​របស់​ខ្លួន​ស្លាប់។ នាង Dai ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ពាក្យ​ចោទ​ប្រកាន់​មិន​មាន​ភស្តុតាង មើល​ងាយ​មើល​ថោក​នេះ​បាន​ ​ក៏​មាន​បំណង​លែង​ចង់​រស់​ទៀត​ដែរ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយ​មក​ទៀត បុរស​ជា​ប្ដី​បាន​បង្ហាញ​ខ្លួន​ បន្ទាប់​ពី​សាក​សព​ប្រពន្ធ​កូន​របស់​ខ្លួន​​ត្រូវ​​​គេ​​រក​ឃើញ​បាន​មួយ​ថ្ងៃ​។ ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ គាត់​បាន​សារភាព​ទាំង​ទឹក​ភ្នែក​​ដោយ​រៀប​រាប់​ពី​ការ​ធ្វើ​ពុត​ជា​ស្លាប់ ដូច្នេះ​គាត់​អាច​ដោះ​ស្រាយ​បញ្ហាលុយកាក់​​បាន។ ប្រភព​មួយ​​បាន​​​បង្ហើប​ថា​ ប្ដី​កំហូច​នេះ​មាន​ជំពាក់​បំណុល​គេ​ប្រមាណ ​១៤ ០០០​ដុល្លារ​អាមេរិក។ យោង​តាម​ប៉ូលិស​បាន​អះអាង​ថា ​គាត់​បាន​ដាក់​កិច្ច​សន្យា​យក​ប្រាក់​ធានា​រ៉ាប់​រង​ជីវិត​ប្រមាណ ១៤៤ ០០០​ដុល្លារ​អាមេរិក​ នៅ១​សប្ដាហ៍​មុន​ពេល​គាត់​ធ្វើ​ពុត​ជា​ក្រឡាប់​ឡាន​ចូល​ទន្លេ​​ ។

មុន​ពេល​ប្រគល់​ខ្លួន​អោយ​អាជ្ញាធរ បុរស​ខាង​លើ​បាន​ថត​វីដេអូ​សុំ​ការ​អភ័យ​ទោស​ចំពោះ​កូន​ និង​ប្រពន្ធ​របស់​ខ្លួន ​​ដែល​គាត់​មិន​នឹក​ស្មាន​ថា​ ប្រពន្ធ​ និង​កូន​សម្រេច​ចិត្ត​ស្លាប់​បែប​នេះ​នោះ​ទេ​។ នៅ​ក្នុង​វីដេអូ​ដែល​គេ​​ចែក​ចាយ​​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម ​គាត់​បាន​យំ​​ស្រែក​ទួញ​ថ្ងូរ​យ៉ាង​ខ្លាំង​នៅ​លើ​ដី ​ព្រម​ជា​​មួយ​ពាក្យ​សំដី​ថា​លុយ​ដែល​គាត់​បាន​ខ្ចី​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​បំណង​យក​ទៅ​ព្យាបាល​កូន​ដែល​កំពុង​តែ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ទៀត​ផង​។

បុរស​ដដែល ​ឥឡូវ​ត្រូវ​​បាន​គេ​ឃុំ​ខ្លួន​​ពី​បទ​​​មាន​ចេតនា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ និង​ក្លែង​បន្លំ​ ដើម្បី​ទទួល​យក​ប្រាក់​ធានា​រ៉ាប់​រង​ បើ​ទោះ​បី​ជា​មិន​មាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់​​ណា​ម្នាក់​ចង្អុល​បង្ហាញ​ឲ្យ​​ដាក់​ពាក្យ​ប្តឹង​លោក​​យ៉ាងណា​ក៏ដោយ៕

Be the first to comment

Leave a Reply

Your email address will not be published.


*