អ្នកមានញៀនស្រាល្បែង ស្រាប់តែបោះបង់ទម្លាប់ ព្រោះសម្ដីអ្នកសុំទានមួយឃ្លា

ខណៈ​ពេល​លោក​ចាង ​ធ្វើ​ដំណើរ​ត្រលប់​ពីផ្សារ​ទៅ​ផ្ទះ​វិញ ​គាត់​បាន​ជក់​បារី​បណ្ដើរ​អស់​ជា​ច្រើន​ដើម។ ​នៅ​តាម​ផ្លូវ​គាត់​បាន​ឃើញ​អ្នក​សុំទាន​ម្នាក់​ក្បែរ​ផ្សារ​ទំនើប​ជា​មួយ​សំលៀក​បំពាក់​រហែក​រយ៉ៃ ក្លិន​អាក្រក់​​ កំពុង​អង្គុយ​សុំ​ប្រាក់​នៅតាម​​ផ្លូវ​គាត់​ឆ្លង​កាត់។

នៅ​​ពេល​អ្នក​សុំទាន​ឃើញ​អ្នក​ដំណើរ​ណា​ម្នាក់​ឆ្លង​កាត់​កន្លែង​ខ្លួន​អង្គុយ​ គាត់​តែង​តែ​​ស្ទុះ​ក្រោក​សុំ​ប្រាក់ ហើយ​ក៏​ជួប​លោក​ចាង «​បង​ប្រុស​ចិត្ត​ល្អ ​ដាក់​ទាន​ឲ្យ​ប្អូន​បន្តិច​​បាន​ទេ»? ​លោក​ចាង ធ្វើ​មិន​ដឹង​មិន​ឮ ​ព្រោះ​គាត់​មិន​ចូល​ចិត្ត​អ្នក​សុំទាន ​និង​តែង​តែ​ឈរ ឬ​អង្គុយ​នៅ​ឆ្ងាយ​ពី​ពួក​គេ។ ​ទោះ​យ៉ាង​ណា ​នៅ​ពេល​គាត់​ឃើញ​អ្នក​សុំ​ទាន​ម្នាក់​នេះ ​គាត់​ហាក់​ដូច​ជា​ប្ដូរ​ជំហរ និង​ចង់​និយាយ​រក​អ្នក​​សុំ​ទាន។

ដំបូង​លោក​បាន​និយាយ​ថា «​ហេ ​តើ​ឯង​ចង់​ចេះ​រក​ប្រាក់​ទេ»? ​អ្នក​សុំទាន​ដក​ក​មើល​លោក​ចាង ទាំង​ភ្ញាក់​ផ្អើល​រួច​តប​ថា «​បាទ​ ខ្ញុំ​ពិត​ជា​ចង់ចេះ​​រក​ប្រាក់​មែន​ប៉ុន្តែ…» លោក ចាង បាន​និយាយ​ម្ដង​ទៀត «​ខ្ញុំ​នឹង​សួរ​ឯង ៣​​សំណួរ ​រួច​ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខ្លះ​ទៅ​ឯង ​ប្រសិន​បើ​ឯង​ឆ្លើយ​​ដោយ​ស្មោះ​ត្រង់»។ ​ចាង ចាប់​ផ្ដើម​សួរ​ថា « ​តើ​ការ​ជក់​បារី ផឹក​ស្រា និង​លេង​ល្បែង​ បាន​ធ្វើ​ឲ្យ​ឯង​ក្លាយ​ជា​អ្នក​សុំ​ទាន​តាម​ផ្លូវ​មែន​ទេ»?

អ្នក​សុំទាន​ឆ្លើយ «​ខ្ញុំ​មិន​ជក់​បារី ​មិន​ផឹក​ស្រា ​និង​មិន​​លេង​ល្បែង​ស៊ីសងទេ​ ព្រោះ​ខ្ញុំ​ស្អប់​បំផុត!» បន្ទាប់​ពី​ស្ដាប់​ឮ​បែប​នេះ ​លោក​ចាង បាន​ទះ​ភ្លៅ ​និង​និយាយ​ថា «​នេះ​ជា​ទង្វើ​ល្អ​ណាស់!»។ ​ក្រោយ​មក​លោក​ចាង ​បាន​ឲ្យ​អ្នក​សុំទាន​ចំនួន ១០០​ដុល្លារ​តាម​ការ​សន្យា។ ​អ្នក​សុំ​ទាន​មាន​ការ​ងឿង​ឆ្ងល់​នឹង​សំណួរ​របស់​លោក​ចាង។ ​លោក​ចាង​ បាន​ឃើញ​ទឹក​មុខ​អ្នក​សុំ​ទាន​បែប​ឆ្ងល់ ​រួច​ក៏​និយាយ​ថា «​តាម​ពិត​ទៅ ​ប្រពន្ធ​របស់​ខ្ញុំ​បើក​រោង​ចក្រ​មួយ ​នាង​ជា​ប្រធាន ហើយ​ខ្ញុំ​ជា​អគ្គនាយក។ យើង​ពិត​ជា​មាន​ធូរធារ ​និង​មាន​ប្រាក់​ប្រមាណ​ ៣​លាន​ដុល្លារ​ផ្ញើរ​នៅ​ធនាគារ។

​អ្វី​ជា​បញ្ហា គឺ​ការ​ញៀន​របស់​ខ្ញុំ។ ខ្ញុំ​ចូលចិត្ត​ផឹក​ស្រា ​ស្រា​មួយ​ដប​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់​ទេ។ ​ខ្ញុំ​ញៀន​នឹង​ការ​ជក់​បារី ២​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​មិន​ចង់​គ្រប់​គ្រាន់​ផង និង​ធ្ងន់ធ្ងរ​មួយ​ទៀត ខ្ញុំ​ចូល​ចិត្ត​លេង​ល្បែង​ចាក់​ភ្នាល់ ​ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​ពិត​ជា​ស្អប់​ទម្លាប់​ទាំង ៣ នេះ​ខ្លាំង​ណាស់។ ​នាង​តែង​តែ​និយាយ​ឲ្យ​ខ្ញុំ​ថា «​ទម្លាប់​អាក្រក់​ទាំង ​៣​របស់​បង​ឯង​នេះ ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​​ខ្ញុំ​​ក្លាយ​ជា​អ្នក​សុំ​ទាន​មិន​ខាន! ​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​មក​ទី​នេះ​នៅ​ថ្ងៃ​ស្អែក ​ហើយ​ខ្ញុំ​ចង់​ឲ្យ​ឯង​ថា​តាម​ដូច​អ្វី​ខ្ញុំ​ប្រាប់​ឯង​ពី​ខាង​ដើម។ ខ្ញុំ​នឹង​ឲ្យ​ឯង ១០០​ដុល្លារ​ថែម​ទៀត ប្រសិន​បើ​ឯងធ្វើ​​ដូច​ខ្ញុំ​ប្រាប់»។

អ្នក​សុំ​ទាន​បាន​ប្រែ​ជា​ចាប់​អារម្មណ៍ បន្ទាប់​ពី​ឮ​ពាក្យ​សន្យា​ថែម ១០០​ដុល្លារ គ្រាន់​តែ​ធ្វើ​តាម​តិច​តួច​ ដូច្នេះ​គាត់​ក៏​បាន​យល់​ព្រម។ ​នៅ​ថ្ងៃ​បន្ទាប់ លោក​ចាង បាន​នាំ​ប្រពន្ធ​ឈ្មោះ យន់លី ​ដើរ​មក​កាន់​ផ្សារ​ទំនើប​​ពិត​មែន​ដោយ​មិន​ឲ្យ​​ដឹង​ខ្លួន​មុន ​និង​ជា​លើក​ដំបូង​របស់​នាង​ផងដែរ។ ​តាម​ផ្លូវ​ដើរ​ទៅ​កាន់​ផ្សារ​ទំនើប អ្នក​ស្រី ​យន់លី ​បាននិយាយ​​បញ្ចុះ​បញ្ចូល​ឲ្យ​បោះ​បង់​ទម្លាប់​អាក្រក់​ទាំង ៣​នោះ​ចោល ​ប៉ុន្តែ​លោក​ចាង ​បាន​និយាយ​ទាំង​ចិត្ត​ត្រជាក់​ទៅ​កាន់​ប្រពន្ធ​ថា «​យើង​មាន​បាន​ហើយ ​ទម្លាប់​ទាំង​នេះ​មិន​មែន​ជា​​​ឧបសគ្គ​របស់​យើង​ទេ។ ​កុំ​ធ្វើ​ភ្ញាក់​ផ្អើល​ពេក!»

អ្នក​ស្រី យន់​លី ​ចាប់​ផ្ដើម​ខឹង​ខ្លាំង​ចំពោះ​សម្ដី​ប្ដី​ខ្លួន ហើយ​ក៏​ងាក​មុខ​ចេញ​ពី​ប្ដី ​បន្ទាប់​មក​ស្រាប់​តែ​ឃើញ​អ្នក​សុំ​ទាន​កំពុង​អង្គុយ​នៅ​ជ្រុង​ម្ខាង​ផ្សារ ​ហើយ​បែរ​មុខ​មក​រក​លោក​ចាង​ វិញ​រួច​ស្រែក​ដាក់​ថា «​ថ្ងៃ​ណាមួយ ​បងឯង​​នឹង​ក្លាយ​ជា​អ្នក​សុំ​ទាន​ដូច​បុរស​ម្នាក់​នោះ!» លោក​ចាង ​បាន​ឮ​ពាក្យ​របស់​ប្រពន្ធ រួច​តប​វិញ​ថា «​ខ្ញុំ​ជឿ​ថា ​អ្នក​សុំទាន​ម្នាក់​​នោះ ​គាត់​មិន​មាន​ទម្លាប់​ណា​មួយ​ទេ​ក្នុង​ចំណោម​ទាំង៣ ​ប៉ុន្តែ​គាត់​នៅ​តែ​ក្លាយ​ជា​អ្នក​សុំ​ទាន! បើ​អូន​មិន​ជឿ ​សន្យា​គ្នាទៅ»។

យន់លី ​មិន​ស្ទាក់​ស្ទើរ ​រួច​ក៏​និយាយ​ថា «​អូខេ​យល់​ព្រម! ​តើ​បង​ចង់​ភ្នាល់​ដាក់​អ្វី?» លោក​ចាង «​ប្រសិន​បើ​អ្នក​សុំ​ទាន​នោះ​ញៀន​នឹង​ទម្លាប់​ទាំង​បី​ ឬ​តែ​មួយ​ក៏​បាន ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន ​បង​នឹង​សន្យា​នឹង​បោះ​បង់​ការ​ជក់ ផឹក និង​ល្បែង​ទាំង​នេះ​ចោល​ជា​រៀងរហូត»។ ​ហើយ​ប្រសិន​បើ​អ្នក​សុំ​ទាន​ធ្លាក់​ខ្លួន ​មិន​មែន​ដោយ​សារ​ទម្លាប់​ទាំង​នេះ​ទេ ​អូន​ត្រូវ​ឈប់​រំខាន ឬ​ស្ដី​បន្ទោស​បង​ចំពោះ​ទម្លាប់​ទាំង​នេះ​ម្ដង​ទៀត។

​អ្នក​ស្រី​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា ​អ្នក​សុំ​ទាន​​យ៉ាង​ហោច​ណាស់​ក៏​មាន​ទម្លាប់​មួយ​ក្នុង​ចំណោម​ទាំង ៣​ដែរ បើ​មិន​បាន​ទាំង​អស់​ទេនោះ​ មុន​ក្លាយ​ជា​អ្នក​សុំ​ទាន។ ​អ្នក​ស្រី​បាន​យល់​ព្រម រួច​ក៏​ធ្វើ​ខ​សន្យា​ភ្លាម​មិន​បង្អង់​យូរ។ ​បន្តិច​ក្រោយ​មក ​អ្នក​ទាំង​ពីរ​បាន​ដើរ​ដល់​កន្លែង​អ្នក​សុំ​ទាន ​ហើយ​លោក​ចាង ក៏​ធ្វើ​ពើ​ជា​មិន​ធ្លាប់​ស្គាល់​អ្នក​សុំ​ទាន ​ហើយ​ចាប់​ផ្ដើម​សួរ​ថា «​តើ​លោក​មាន​ជក់​បារី ​ផឹក​ស្រា ឬ​លេង​ល្បែង​ទេ បាន​ជា​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​ដូច្នេះ?»

​ពេល​បាន​ឮ​សំណួរ​របស់​លោក​ចាង ​អ្នក​សុំ​ទាន​បាន​ងាក​មើល​លោក​ចាង រួច​និយាយ​ថា «​​បាទ ​ឪពុក​ខ្ញុំ​ធ្លាប់​ជា​អ្នក​ជំនួញ ​ហើយ​គ្រួសារ​ខ្ញុំ​ពេល​នោះ​មាន​រោង​ចក្រ​ចំនួន ២ ​និង​ផ្សារ​ទំនើប១។ ​កាល​នោះ ខ្ញុំ​ជា​អ្នក​មាន​ម្នាក់ ​ហើយ​ខ្ញុំ​មិន​ដែល​ស្គាល់​ភាពក្រីក្រ​​យ៉ាង​ម៉េច​ទេ។ ​តែ​ជា​អកុសល ឪពុក​ខ្ញុំ​បាន​គាំង​បេះ​ដូង ​និង​លាចាក​លោក​តែ​ម្ដង។ ​ខ្ញុំ​បាន​ទទួល​មរតក​ពី​គាត់​ជា​ជំនួញ​ទាំង​អស់។ ​ដំបូង​អ្វី​ៗ​បាន​ដើរ​ទៅ​មុខ​យ៉ាង​រលូន ​ប៉ុន្តែ​ខ្ញុំ​បែរ​ជា​មាន​ទម្លាប់​អាក្រក់​ញៀន​នឹង​ការ​ជក់​បារី ផឹក​ស្រា និង​លេង​ល្បែង»។

ខ្ញុំ​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​មាន​រោងចក្រ​ពីរ​កន្លែង ​ផ្សារ​ទំនើប​មួយ​ភាគ​ច្រើន​ដោយ​សារ​ចាញ់​ល្បែង រហូត​ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន​តាម​ផ្សារ»។ ​ចំណែក​លោក​ចាង ​ប្រែ​ជា​ស្រឡាំងកាំង​ក្រោយ​អ្នក​សុំ​ទាន​ក្បត់​ពាក្យ​សន្យា​ដូច​អ្វី​ដែល​បាន​និយាយ​គ្នា​ពី​មុន។ ​ការ​មិន​ធ្វើ​តាម​លោក​ចាង ​ព្រោះ​អ្នក​សុំ​ទាន​បាន​ទទួល​សញ្ញាមួយ​​ផ្ដល់​លុយ​ពី​អ្នក​ស្រី យន់លី ​ចំនួន ៥០០​ដុល្លារ​ឲ្យ​និយាយ​ការពិត។ នៅ​ថ្ងៃ​បន្ទាប់ ​លោក ចាង ​ពិត​ជា​មិន​អាច​ទប់​កំហឹង​បាន ដូច្នេះ​គាត់​​​សម្រេច​ចិត្ត​ដើរ​ស្វែង​រក​អ្នក​សុំ​ទាន​ក្នុង​គោល​បំណង​វាយ​អ្នក​សុំ​ទាន​ដែល​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប្រាប់។

មិន​យូរ​ប៉ុន្មាន លោក​ចាង ពិត​ជា​បាន​ជួប​អ្នក​សុំ​ទាន​ដដែល​មែន ប៉ុន្តែ​អ្នក​សុំ​ទាន​នោះ​ហាក់​មិន​ភ្ញាក់ផ្អើល​អ្វី​ទាំង​អស់។ ​អ្នក​សុំ​ទាន​បាន​ស្ទុះ​ក្រោក ​ហើយ​យក​លុយ ១០០​ដុល្លារ​ពី​ហោប៉ៅ​ខ្លួន​ហុច​ឲ្យ​លោក​ចាង វិញ។ ​សកម្មភាព​របស់​អ្នក​សុំ​ទាន​បែប​នេះ ​​​ធ្វើឲ្យ​លោក​ចាង​ភ្ញាក់​ផ្អើល​មួយ​រំពេច។ ​គាត់​ចាប់​ផ្ដើម​សម្លឹង​មើល​ក្រដាស ១០០​ដុល្លារ​ទាំង​ជ្រួញ​ចិញ្ចើម និង​មិន​អស់​ចិត្ត​ពេល​ឃើញ​អ្នក​សុំទាន​បង្ហាញ​អាកប្បកិរិយា​មិន​ចង់​បាន​លុយ។

​​អ្នក​សុំ​ទាន​និយាយ​ថា «ខ្ញុំ​ដឹង​ថា ​លោក​ប្រាកដ​ជា​មក​រក​ខ្ញុំ​ម្ដង​ទៀត។ ​សូម​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ​ដែល​ខ្ញុំ​បាន​កុហក​លោក​កាល​ពី​ជួប​គ្នា​ថ្ងៃ​ដំបូង ប៉ុន្តែ​ការ​រៀប​រាប់​ម្សិលមិញ​គឺ​ជា​រឿង​រ៉ាវ​ពិត​ដែល​បាន​កើត​ចំពោះ​ខ្ញុំ។ ​ទម្លាប់​អាក្រក់​ទាំង​នេះ ពិត​ជា​នាំ​យើង​ក្លាយ​ជា​មនុស្ស​បរាជ័យ ឬ​មិន​រីក​ចម្រើន​ពិត​មែន! សូម​ជឿ​ខ្ញុំ​ទៅ ​ខ្ញុំ​ក្លាយ​ជា​អ្នក​សុំ​ទាន ដោយ​សារ​ញៀន​ស្រា ​ជក់ ​និង​ល្បែង​ប្រាកដ​មែន។ សូម​លោក​ចៀស​ឲ្យ​ឆ្ងាយ​ពី​វា បើ​មិន​ចង់​ធ្លាក់​ខ្លួន​ដល់​ចំណុច​សូន្យ​ដូច​ខ្ញុំ»។

​បន្ទាប់​ពី​ស្ដាប់​រឿង​រ៉ាវ​របស់​អ្នក​សុំ​ទាន​ពី​ដើម​ដល់​ចប់ ​លោក​ចាង ប្រែ​ជា​អរគុណ​អ្នក​សុំ​ទាន​ចំពោះ​ដំបូន្មាន រួច​ទាញ ៥០០​ដុល្លារ​ឲ្យ​អ្នក​សុំ​ទាន​​បន្ថែម​ទៀត។ ​ក្រោយ​មក ​លោក​ចាង ​សម្រេច​កែប្រែ​ទម្លាប់​អាក្រក់​ឈប់​ប្រព្រឹត្ត ​រួច​ចាប់​ផ្ដើម​ប្រឹង​ប្រែង​ធ្វើ​ការ​វិញ ព្រោះ​មិន​ឲ្យ​ជំនួញ​បាត់​បង់ ​និង​ជា​ការ​គោរព​តាម​សន្យា​ជាមួយ​ភរិយា​ផង។ ​ការ​ងាក​មក​រក​ផ្លូវ​ត្រឹម​ត្រូវ ​បោះ​បង់​ទម្លាប់​អាក្រក់​នានា ​បាន​រុញ​ច្រាន​ឲ្យ​ជំនួញ​របស់​គាត់​កាន់​តែ​រីក​ចម្រើន ​និង​​ភរិយា​របស់​គាត់ក៏​​កាន់​តែ​ស្រលាញ់​​ទ្វេរ​ឡើង​៕

Be the first to comment

Leave a Reply

Your email address will not be published.


*